logo

ការរៀបចំដីដាំដុះ

ការរៀបចំដីដាំដុះ

ការរៀបចំដីអោយបានត្រឹមត្រូវតាមបច្ចេកទេស និងលក្ខខណ្ឌដែលដំណាំត្រូវការ គឺជាមូលដ្ឋាននៃភាពជោគជ័យក្នុងការធ្វើផលិតកម្មដំណាំស្វាយចន្ទី។ កសិករគួរយល់ដឹង ព្រមទាំងអនុវត្តនូវបច្ចេកទេស​​មួយចំនួនដូចខាងក្រោម៖

ប៉េ​ហា​ស (PH) របស់ដី៖ ប៉េហាសដីដែលសមស្របសំរាប់ដាំស្វាយចន្ទីគឺត្រូវមានពី ៥.៥ ទៅ៦.៥ ប្រ​សិនបើប៉េហាសទាបជាង៥.៥​ គឺត្រូវធ្វើការបាចកំបោរដើម្បីបង្កើនប៉េហាសដី​ ។

រចនាសម្ព័ន្ធដី៖ ដីក្រហម ដីល្បាយខ្សាច់ ដីល្បាយឥដ្ឋ និងដីល្បាយ ក៏យើងអាចប្រើដី​ទាំង​ នោះសំរាប់ដាំស្វាយចន្ទីបានដែរ សំខាន់គឺដីទាំងនោះ​មិនលិចទឹកនៅរដូវវស្សារ និងមានប្រភពទឹក ស្រោចស្រព ។

ការសំអាតមុន​ពេលរៀបចំដី៖ កាប់ឆ្ការព្រៃរួចដុតសំអាត ឈូសឆាយដំ​ណាំចាស់ៗ និងកាកសំណល់ ផ្សេងៗដែលមាននៅលើដីចោលអោយអស់ទាំងក្នុងចំការ​ និងជុំវិញចំការ ដើម្បីជៀសវាងកុំអោយមានការឆ្លងរាលដាលនៃសត្វល្អិត ជំងឺ និងកត្តាផ្សេងៗទៀតដែលអាចរំខានដល់ការដុះលូតលាស់របស់ស្វាយចន្ទី ។

ការភ្ជួរ និងរាស់ដី៖ ធ្វើការភ្ជួរ និងរាស់ដីអោយបាន​យ៉ាងតិច២ទៅ៣​ដង ដោយភ្ជួរក្នុងជំរៅ៣០សម និងពង្រាបដីអោយស្មើល្អ  ហើយធ្វើការហាលដីអោយបានពី ៣សប្តាហ៍ទៅ១ខែ​ ដើម្បីសំលាប់ស្មៅ និងមេរោគផ្សេងៗដែលមាននៅក្នុងដី ។

ការជីករណ្តៅ៖ ត្រូវជីកទំហំ ៥០ សង់ទីម៉ែត្របួនជ្រុង និងជម្រៅ ៥០សង់ទីម៉ែត្រដែរ។  ការជីករណ្តៅនេះត្រូវបែងចែកដីស្រទាប់លើដាក់ផ្សេង និងដីស្រទាប់ក្រោមដាក់ផ្សេង ដើម្បីយកដីស្រទាប់លើនេះមកលាយជា មួយជីកំប៉ុស្តពេលដាំ។

ការដាក់ជីទ្រាប់បាត៖ បន្ទាប់ពីកាប់រណ្តៅហើយ ត្រូវយកជីធម្មជាតិចំនួន ០,៥ គីឡូក្រាម និងជីគីមី ១៨-៤៦-0 ឬជី ១៥-១៥-១៥ ចំនួន ៥០ ទៅ ១០០ក្រាមក្នុង១ដើម ច្របល់ជាមួយដីឱ្យសព្វល្អ។

 

ដាក់ដាំកូន៖ ត្រូវកាត់ថង់ចោលហើយដាក់ក្នុងរណ្តៅថ្នមៗ ដោយធ្វើការលប់ដីហើយជាន់គែមរណ្តៅឱ្យណែនល្អ និងដាក់បង្គោលចងការពារកុំឱ្យកូនស្វាយចន្ទីរលំពីកំលាំងខ្យល់។ ​ក្រោយពីដាំរយៈពេលពី ២​ ទៅ ៣អាទិត្យត្រូវកាត់ចំណងចេញពីដើម ។