ការរៀបចំដីអោយបានត្រឹមត្រូវតាមបច្ចេកទេស និងលក្ខខណ្ឌដែលដំណាំត្រូវការ គឺជាមូលដ្ឋាននៃភាពជោគជ័យក្នុងការធ្វើផលិតកម្មដំណាំស្វាយចន្ទី។ កសិករគួរយល់ដឹង ព្រមទាំងអនុវត្តនូវបច្ចេកទេសមួយចំនួនដូចខាងក្រោម៖
- ប៉េហាស (PH) របស់ដី៖ ប៉េហាសដីដែលសមស្របសំរាប់ដាំស្វាយចន្ទីគឺត្រូវមានពី ៥.៥ ទៅ៦.៥ ប្រសិនបើប៉េហាសទាបជាង៥.៥ គឺត្រូវធ្វើការបាចកំបោរដើម្បីបង្កើនប៉េហាសដី ។
- រចនាសម្ព័ន្ធដី៖ ដីក្រហម ដីល្បាយខ្សាច់ ដីល្បាយឥដ្ឋ និងដីល្បាយ ក៏យើងអាចប្រើដីទាំង នោះសំរាប់ដាំស្វាយចន្ទីបានដែរ សំខាន់គឺដីទាំងនោះមិនលិចទឹកនៅរដូវវស្សារ និងមានប្រភពទឹក ស្រោចស្រព ។
- ការសំអាតមុនពេលរៀបចំដី៖ កាប់ឆ្ការព្រៃរួចដុតសំអាត ឈូសឆាយដំណាំចាស់ៗ និងកាកសំណល់ ផ្សេងៗដែលមាននៅលើដីចោលអោយអស់ទាំងក្នុងចំការ និងជុំវិញចំការ ដើម្បីជៀសវាងកុំអោយមានការឆ្លងរាលដាលនៃសត្វល្អិត ជំងឺ និងកត្តាផ្សេងៗទៀតដែលអាចរំខានដល់ការដុះលូតលាស់របស់ស្វាយចន្ទី ។
- ការភ្ជួរ និងរាស់ដី៖ ធ្វើការភ្ជួរ និងរាស់ដីអោយបានយ៉ាងតិច២ទៅ៣ដង ដោយភ្ជួរក្នុងជំរៅ៣០សម និងពង្រាបដីអោយស្មើល្អ ហើយធ្វើការហាលដីអោយបានពី ៣សប្តាហ៍ទៅ១ខែ ដើម្បីសំលាប់ស្មៅ និងមេរោគផ្សេងៗដែលមាននៅក្នុងដី ។
- ការជីករណ្តៅ៖ ត្រូវជីកទំហំ ៥០ សង់ទីម៉ែត្របួនជ្រុង និងជម្រៅ ៥០សង់ទីម៉ែត្រដែរ។ ការជីករណ្តៅនេះត្រូវបែងចែកដីស្រទាប់លើដាក់ផ្សេង និងដីស្រទាប់ក្រោមដាក់ផ្សេង ដើម្បីយកដីស្រទាប់លើនេះមកលាយជា មួយជីកំប៉ុស្តពេលដាំ។
- ការដាក់ជីទ្រាប់បាត៖ បន្ទាប់ពីកាប់រណ្តៅហើយ ត្រូវយកជីធម្មជាតិចំនួន ០,៥ គីឡូក្រាម និងជីគីមី ១៨-៤៦-0 ឬជី ១៥-១៥-១៥ ចំនួន ៥០ ទៅ ១០០ក្រាមក្នុង១ដើម ច្របល់ជាមួយដីឱ្យសព្វល្អ។
- ដាក់ដាំកូន៖ ត្រូវកាត់ថង់ចោលហើយដាក់ក្នុងរណ្តៅថ្នមៗ ដោយធ្វើការលប់ដីហើយជាន់គែមរណ្តៅឱ្យណែនល្អ និងដាក់បង្គោលចងការពារកុំឱ្យកូនស្វាយចន្ទីរលំពីកំលាំងខ្យល់។ ក្រោយពីដាំរយៈពេលពី ២ ទៅ ៣អាទិត្យត្រូវកាត់ចំណងចេញពីដើម ។