logo

បច្ចេកទេសនៃការកែច្នៃចំបើងផ្អាប់ជាចំណីបំប៉នគោក្របី

បច្ចេកទេសនៃការកែច្នៃចំបើងផ្អាប់ជាចំណីបំប៉នគោក្របី

ក.ឧបករណ៍ និងសម្ភារសម្រាប់កែច្នៃធ្វើចំបើងផ្អាប់

ចំបើង ១០០ គ.ក្រ

ទឹក ១០០ លីត្រ

ក្រណាត់តង់ ឬក្រណាត់កៅស៊ូ ឬអាង

ធុងទឹកមានចំពួយផ្កាឈូក

ជញ្ជីង

ជីអ៊ុយរ៉េ ២ គ.ក្រ

កំបោរស (កំបោរថ្ម) ២ គ.ក្រ និង ខ្សែសម្រាប់ចងចំបើង។

ខ. វិធីធ្វើចំបើងផ្អាប់

លាយជីអ៊ុយរ៉េ ២គ.ក្រ និងកំបោរថ្ម ២គ.ក្រ ជាមួយទឹក ១០០លីត្រ រួចកូរ ឱ្យសព្វ

រៀបចំបើងជាស្រទាប់ក្នុងអាង ឬថង់ បន្ទាប់មកស្រោចទឹកជីអ៊ុយរ៉េពីលើ ត្រូវធ្វើដូចគ្នារហូតដល់អស់ចំបើង ១០០គ.ក្រ

ចងមាត់ថង់ ឬគ្របមាត់អាងឱ្យជិត ដោយមិនឱ្យទឹកភ្លៀងហូរចូល

ផ្អាប់ទុករយៈពេល ១០ថ្ងៃទើបយកមកឱ្យគោ ក្របីស៊ី។ ត្រូវយកឱ្យស៊ីតាម ស្រទាប់ចំបើងហើយពេលយកចេញរួចត្រូវគ្របវិញឱ្យបានត្រឹមត្រូវ។

សម្គាល់៖ ប្រសិនបើកចំហរ ធ្វើឱ្យចំបើងហើរក្លិន មិនអាចធ្វើឱ្យចំបើងផ្អាប់ទន់ល្អ ព្រមទាំងរក្សាមិនបានយូរ។

គ. ចំបើងផ្អាប់ដែលមានលក្ខណៈល្អ

មានពណ៌ក្រហមចាស់ បើប្រៀបធៀបជាមួយចំបើងធម្មតា

មានក្លិនក្រអូបឈួល

មានសំណើមប្រមាណ ៤០% ទៅ ៥០%

មានលក្ខណៈទន់គួរឱ្យចង់ស៊ី

មិនមានដុះផ្សិត (ប្រសិនបើមានដុះផ្សិត ត្រូវយកទៅហាលថ្ងៃ)។

ឃ. ការផ្តល់ឱ្យសត្វស៊ី

·       កសិករអាចធ្វើចំបើងផ្អាប់បន្តបន្ទាប់គ្នា ដើម្បីឱ្យស៊ីបានយូរ ។

·       បើមានផ្សិតច្រើន ត្រូវយកចំបើងហាលថ្ងៃឱ្យស្ងួតមុននឹងឱ្យសត្វស៊ី ។

·       ចំបើងផ្អាប់នៅសល់ពីសត្វស៊ី ត្រូវយកទៅលាយជាមួយនឹងចំបើងថ្មី ព្រោះវាចំណេញពេលវេលា និងមានប្រសិទ្ធភាព ខ្ពស់ ។

·       ត្រូវទុកឱ្យវាអស់ក្លិនអាម៉ូញាក់សិនទើបផ្តល់ឱ្យសត្វ

·       ត្រូវដាក់ចំបើងធ្លាប់បង្ហាត់ឱ្យគោស៊ីបន្តិចម្តងៗ ហើយវា នឹងស៊ីច្រើនឡើងៗ ក្នុងរយៈពេល ៣ ទៅ ៤ ថ្ងៃ យើងអាចឱ្យគោស៊ីឱ្យឆ្អែតជារៀងរាល់ថ្ងៃដោយ លាយជាមួយចំបើងធម្មតា

·       ផ្តល់ចំបើងផ្គាប់ឱ្យគោស៊ីពេលយប់ច្រើនជាងពេលថ្ងៃ

·       ត្រូវដាក់ទឹកឱ្យគោផឹករហូត ក្នុងពេលដាក់ចំបើងផ្គាប់ឱ្យគោស៊ី។