logo

ការប្រមូលផលនៅកសិដ្ឋាន

ការប្រមូលផលនៅកសិដ្ឋាន

ការប្រមូលផលគឺជាកត្តាសំខាន់បំផុតក្នុងការកំណត់គុណភាពនិងតម្លៃសេដ្ឋកិច្ចគ្រាប់ស្វាយចន្ទី។ ប្រសិនបើយើងប្រមូលផលបានត្រឹមត្រូវតាមបច្ចេកទេស នោះយើងនឹងទទួលបានគ្រាប់ស្វាយចន្ទីដែលមានគុណភាពល្អ ហើយមានតម្លៃសេដ្ឋកិច្ចខ្ពស់។ ស្វាយចន្ទីគួរប្រមូលផលដោយរើសយកតែគ្រាប់ដែលទុំជ្រុះពីដើម។ ជៀសវាងការប៉ះពាល់ដល់ផ្កា និង ផ្លែដែលនៅខ្ចីមិនទាន់ទុំ។ គ្រាប់ស្វាយចន្ទីត្រូវប្រលេះចេញពីសាច់ រួចត្រូវលាងជាមួយទឹកឱ្យស្អាត និងហាលថ្ងៃពី២ ទៅ ៣ថ្ងៃ ដើម្បីបន្ថយសំណើមនៅក្នុងគ្រាប់ (សំណើមមិនឱ្យលើសពី១២%) ដើម្បីរក្សាទុកគ្រាប់ឱ្យបានយូរមិនរលួយខូច។ បន្ទាប់មកច្រកគ្រាប់ទុកក្នុងបាវ ឬការ៉ុងដោយទុកឱ្យផុតពីដី យកល្អគ្រាប់ស្វាយចន្ទីគួរលក់នៅឆ្នាំដែលប្រមូលផលឱ្យអស់។ ជាប្រក្រតីស្វាយចន្ទីនឹងឱ្យផលគ្រាដំបូងពេលវាមានអាយុពី២ ទៅ ៣ឆ្នាំដោយផ្តើមចេញផ្កាតាំងពីខែធ្នូ រហូតដល់ខែកុម្ភៈ អាស្រ័យទៅតាមពូជស្រាល កណ្តាល និងធ្ងន់ គឺអាចប្រមូលផលនៅខែកុម្ភៈ ដល់ខែឧសភា។

ការប្រមូលផលគួរប្រើកន្រ្តកឬជាល ជៀសវាងធ្វើឱ្យផ្លែជាំខូច សម្រាប់ការលក់នៅក្នុងស្រុក ទាំងផ្លែ និងគ្រាប់។ តែបើចង់បានគ្រាប់ដែលមានគុណភាពល្អសម្រាប់ការនាំចេញគួរទុកផ្លែឱ្យជ្រុះឯងៗ ប៉ុន្តែត្រូវប្រញាប់ ប្រឡេះគ្រាប់ចេញឱ្យទាន់ពេល ព្រោះអាចធ្វើឱ្យគ្រាប់ឆ្លងជំងឺផ្សិតពីផ្លែ។

ក្រោយពេលប្រមូលផលរួចហើយត្រូវអនុវត្តធ្វើអនាម័យចំការ ដោយកាត់ចោលនូវមែកដែលម្លប់ខ្លាំង មែកមាន ជំងឺឬមែកដែលបង្កលក្ខណៈពិបាកក្នុងការដើរប្រមូលផល។ នៅលើគល់មែកដែលកាត់ចោលត្រូវលាបថ្នាំ ឬលាបកំបោរសដើម្បីការពារដួងចោះដើម។ នៅពេលដែលមែកស្វាយចន្ទីមិនទាន់ចាក់មែកដល់គ្នា យើងត្រូវភ្ជួរ កាប់គាស់ដី នៅចន្លោះរងទាំងពីរ ប៉ុន្តែមិនត្រូវភ្ជួរ ឬកាប់គាស់ដីនៅតាមជួរដើមស្វាយចន្ទីឡើយ។ មិនត្រូវទុកឲ្យស្មៅដុះគៀនគល់ស្វាយចន្ទីទេ យើងត្រូវធ្វើស្មៅឲ្យស្អាត ដើម្បីបង្កលក្ខណៈមិនឲ្យមានជំងឺ សត្វល្អិត ដង្កូវ ផ្សេងៗកើតឡើង ដូចជា ដួងចោះដើម ដុះផ្សិតដើម ស្រាំងទិចផ្លែ ដង្កូវរំស្លឹក ដង្កូវចោះផ្លែខ្ចី ស្រឹងជញ្ជក់ផ្កា រលួយឬស កណ្ដៀរស៊ី ដង្កូវស៊ីត្រួយខ្ចី។ល។