ការបំបៅកូនស្វាយចន្ទី ឬតត្រួយ
មានវិធីជាច្រើនក្នុងការបំបៅ ឬតត្រួយស្វាយចន្ទី ហើយវិធីនីមួយៗ អាចមានប្រសិទ្ធភាពអាស្រ័យលើ ការស្ទាត់ជំនាញ និងការហ្វឹកហាត់របស់អ្នកអនុវត្ត។ ក្នុងនោះ វិធីតត្រួយ ឬបំបៅតាមការស៊កត្រួយតភ្ជាប់ជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពខ្ពស់ និងងាយស្រួយអនុវត្តក្នុងការបំបៅ ឬតត្រួយស្វាយចន្ទី។
ក. ការជ្រើសរើសត្រួយ និងកូនទម្រ៖
- ត្រួយដែលជ្រើសរើសសម្រាប់យកមកបំបៅ ត្រូវតែមានអាយុយ៉ាងហោចណាស់២ខែ មានពណ៌បៃតង គ្មានការបំផ្លាញពីសត្វល្អិត និងជំងឺ ហើយត្រូវកាត់ ស្លឹកចេញពីត្រួយ ដែលបានជ្រើសរើសនៅលើដើម ពី១-២សប្ដាហ៍ មុនយកមកបំបៅ។
- កូនទម្រសម្រាប់យកមកបំបៅ ក៏ត្រូវជ្រើសរើសយកកូនស្វាយចន្ទី ដែលមានអាយុ ២ខែ ហើយមានសុខភាពល្អ រឹងមាំ និងគ្មានការបំផ្លាញ ពីសត្វល្អិត និងជំងឺ។
ខ. វិធីសាស្ត្រអនុវត្តការបំបៅតត្រួយ
- យកកូនទម្រ ត្រូវកាត់ស្លឹកចេញឱ្យអស់ទុកតែ ២គូ ក្រោមគេបំផុត
- កាត់ចុងកូនទម្រទុកប្រវែង ១៥ស.ម ពីដី រួចយកកាំបិតមុតពុះចំ កណ្តាលដើមដែលកាត់រួច ជម្រៅប្រមាណ ៣-៥ស.ម
- កាត់ត្រួយពីដើមមេពូជប្រវែងប្រមាណ ១០-១៥ស.ម រួចយកមកចិត ជារាងអក្សរវេ (v) ប្រវែងប្រមាណ ៣-៥ស.ម ដោយលៃយ៉ាងណាឱ្យសំបក នៅជាប់ទាំងសងខាង និងមុខចិតត្រូវតែរាបស្មើ។
- យកត្រួយដែលចិតរួចស៊កចូលទៅក្នុងកូនទម្រដែលពុះរួចនោះឱ្យលឿនតាមអាចធ្វើទៅបាន និងលៃយ៉ាងណា ឱ្យសំបកម្ខាងនៃត្រួយស្វាយចន្ទី ស្មើគ្នានឹងសំបកកូនទម្រ ដើម្បីឱ្យស្រទាប់សំបកត្រួតស៊ីគ្នា។
- យកថង់ប្លាស្ទីក (ប្លាស្ទីកស្ដើងសម្រាប់រុំពេលបំបៅកូនឈើ) រុំចងកន្លែងមុខតឱ្យតឹងរួចរុំគ្របដល់ចុងត្រួយ ការពារការចូលទឹក និងការបំភាយចំហាយទឹក។
- ការបំបៅត្រូវធ្វើឡើងនៅកន្លែងថ្នាលបណ្តុះ និងមានម្លប់សមស្រប ចំពោះកូនដែលបំបៅរួចត្រូវដាក់នៅកន្លែងម្លប់រយៈពេល ១៥ថ្ងៃ។
- កូនបំបៅរួចនេះត្រូវទុកនៅកន្លែងបណ្តុះដល់រដូវដាំលើកក្រោយ ហើយដំណាក់កាលនេះបើមានកូនពន្លកដុះចេញពីកូនទម្រត្រូវកាត់វាចេញ។
- ថង់ប្លាស្ទិកដែលរុំ ត្រូវកាត់វាចេញនៅពេលបំបៅរួចបាន ៣ ទៅ៤ខែ និងអាចយកទៅដាំបាននៅពេលបន្ទាប់។