ស្វាយចន្ទីជាប្រភេទដំណាំយកផ្លែ និងគ្រាប់ វាជាប្រភេទដំណាំត្រូពិច ដែលមានលក្ខណអាកាសធាតុក្តៅហើយសើម ហើយអាចដាំដុះ នឹងលូតលាស់បានក្នុងតំបន់ដែលមានស៊ីតុណ្ហភាពខ្ពស់ផងដែរ។ ដំណាំនេះមិនមែនមាននៅតែប្រទេសកម្ពុជានោះទេ គឺមានដាំនៅក្នុងប្រទេសជាច្រើននៅក្នុងតំបន់ត្រូពិច។ ស្វាយចន្ទីអាចសមស្របក្នុងការដាំដុះក្នុងរយះកម្ពស់រហូតដល់ ៧០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ហើយស៊ីតុណ្ហភាពដែលមិនគួរក្រោម ២០អង្សាសេក្នុងរយះពេលយូរ។ តំបន់ដែលមានស៊ីតុណ្ហភាពពី ២០ ដល់៣០អង្សាសេ នឹងមានទឹកភ្លៀងពី ១០០០ ដល់ ២០០០ម៉ែត្រ មានភាពសមស្របក្នុងការដាំដុះខ្លាំង។ ស្វាយចន្ទីត្រូវការរដូវប្រាំងរយះពេល ៤ខែដើម្បីទទួលបានទិន្នផលខ្ពស់។
ស្វាយចន្ទីជាកសិផលដ៏សំខាន់មួយរបស់កម្ពុជា។ គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។ នៅក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់គ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន កើនឡើង ៣៦,៧% ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវទស្សនវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក និងជា អធិរាជស្វាយចន្ទី នាពេលអនាគត។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧»។ ដើម្បីសម្រេចបាននូវការងារនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងចងក្រងបង្កើតសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ នៅខេត្តកំពង់ធំ។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងនឹងជួយគាំទ្រផ្នែកទុន និងបច្ចេកទេស ដើម្បីធានាថា សហគមន៍អាចដំណើរការបានដោយរលូន និងទទួលបានតម្លៃបន្ថែម ព្រមទាំងផលចំណេញខ្ពស់។ (ក្រសួងកសិកម្ម ២០២៤)