logo

ការថែរក្សាសុខភាពកូនជ្រូកទើបកើត និងមេជ្រូក

ការថែរក្សាសុខភាពកូនជ្រូកទើបកើត និងមេជ្រូក

 

·       ត្រូវឱ្យប្រាកដថា មេជ្រូកមានទឹកដោះគ្រប់គ្រាន់សំរាប់ឱ្យកូនបៅ។

·       ត្រូវត្រួតពិនិត្យកន្សោម ដោះរបស់មេជ្រូក យ៉ាងហោចណាស់ឱ្យបាន ២ ដង ក្នុងមួយថ្ងៃ។

·       ប្រសិនបើវារឹងជាដុំៗ និង ក្តៅ កន្សោមដោះរបស់មេជ្រូកនោះអាចនឹងមានឆ្លងមេរោគ (ជំងឺរលាសដោះ អត់ទឹកដោះ រលាកស្បូន) ។

·       ក្នុងករណីនេះ ម្ចាស់សត្វត្រូវប្រញាប់ព្យាបាលជាបន្ទាន់ ដោយប្រើថ្នាំអុកស៊ីតូស៊ីន ចាក់តាមសរសៃវ៉ែន ០.៥ មីលីលីត្រ (សេសេ) រួមជាមួយ ទ្រីមេតូព្រីម បូកជាមួយស៊ុលហ្វា (សិបតូទ្រីល ទ្រីស៊ុលម៉ិច...) ប្រើ រយៈពេល ៣ ថ្ងៃជាប់គ្នា។

·       ពេលជាមួយគ្នានេះដែរ បើកន្សោម ដោះឡើងរឹង ត្រូវប្រើដិចសាមេតាសូន ហើយបើកំដៅមេជ្រូកឡើងដល់ ៤០ អង្សាសេ ត្រូវចាក់ អាណាហ្សាំងបន្ថែមទៀត ដើម្បីបញ្ចុះកំដៅ (ប្រើអាណាហ្សាំងកំរិត ៣-៤ សេសេ ក្នុងទំងន់ជ្រូក ១០០ គ.ក) ។

·       បើយកល្អ គួរតែហៅពេទ្យសត្វដើម្បីជួយសង្គ្រោះ ព្រោះកូនជ្រូកត្រូវការទឹកដោះ ។

·       កូនជ្រូកទើបកើតត្រូវការស្អាតស្ងួត មានទីធ្លាសំរាប់កូនជ្រូកដើរលេងជិត១មេឬឡាំងកក់ក្តៅ ដើម្បីថែរក្សាទុកកូនជ្រូកឱ្យមានសុខភាពល្អ ចៀសវាងជំងឺរាកនិង ការពារកូនជ្រូកខ្សោយឱ្យរួចផុត ពីសេចក្តីស្លាប់។

·       ការរៀបចំសំបុក ការកំដៅកូនជ្រូកដោយអគ្គិសនី ឬដាក់ធ្យូងក្នុងឆ្នាំងដី ដែលផ្តល់ភាពកក់ក្តៅសំរាប់កូនជ្រូកទើបកើត គឺមានសារៈសំខាន់។

·       កន្លែងនេះ គួរតែមានកំដៅពី ៣៧ អង្សាសេ សំរាប់កូនជ្រូកទើបកើតបាន ៤ ថ្ងៃ។ ប្រអប់ដាក់កូនជ្រូកមានទំហំ ០.៥ ម៉ែត្រ គុណ ១ ម៉ែត្រ។

·       កន្លែងដែលមានភាពសុខស្រួលសំរាប់កូនជ្រូក គឺកំរាលស្ងួត រួមជាមួយឡកំដៅ ដែលយើងអាចប្រើចង្ក្រានធ្យូង អំពូលឡឧស្ម័ន ឬប្រើអំពូលអគ្គិសនី ៧៥-១០០ វ៉ាត់ ដែលមាន កំពស់ ០.៥ ម៉ែត្រ ដោយលៃយ៉ាងណាកុំឱ្យរលាកដល់កូនជ្រូក ។

·       កូនជ្រូកដែលស្លាប់ ព្រោះតែមេជ្រូក ដេកកិន គឺមិនគួរឱ្យកើតមានទេ ហើយនេះឆ្លុះបញ្ចាំងពីការថែទាំមិនបានល្អពីម្ចាស់សត្វ ។

·       បើនៅក្នុងកសិដ្ឋានដែលគ្មានទ្រុងសំរាប់កើតកូន ទ្រុងជ្រូកនោះត្រូវមានរបារឹងមាំ ហើយ ឃ្លាតឆ្ងាយពីជញ្ជាំង ២០ សង់ទីម៉ែត្រ (និងកំពស់ ២០ សង់ទីម៉ែត្រ ពីលើកំរាលទ្រុង) ដើម្បីការពារ កូនជ្រូកកុំឱ្យគាបនឹងជញ្ជាំង។

·       ការផ្តល់កំដៅមិនបានគ្រប់គ្រាន់ បណ្តាលពោះកូនជ្រូកត្រជាក់ដែល បង្កលក្ខណៈងាយស្រួលដល់ការលូតលាស់របស់បាក់តេរី អឺកូលី ដែលធ្វើឱ្យកូនជ្រូករាក ។

·       ម្យ៉ាងទៀត នៅពេលអាកាសធាតុត្រជាក់ធ្វើអោយកូនជ្រូករងាបាត់បង់ថាមពល និងចុះខ្សោយ មិនអាចដើរទៅរកបៅដោះមេបាន ជាហេតុធ្វើឱ្យកូនជ្រូកអាចងាប់បាន។

·       កូនជ្រូកត្រូវការជាតិ ដែក ៧-៩ មីលីក្រាម (ម.ក្រ) ក្នុងមួយថ្ងៃ តែមេជ្រូកអាចផ្តល់ឱ្យកូនរបស់វាតាមរយៈទឹកដោះ បានត្រឹមតែ ១-២ ម.ក្រ ប៉ុណ្ណោះ។

·       ដូចនេះ កូនជ្រូកត្រូវការជាតិដែក ៦-៧ ម.ក្រ បន្ថែមទៀត ។

·       កង្វះជាតិដែកបណ្តាលឱ្យកូនជ្រូកស្លេកស្លាំង (ខ្វះឈាមក្រហម) ក្រិន និងរាក ។

·       ដើម្បីជួយកូនជ្រូកឱ្យបានរស់ច្រើន សុខភាពល្អ និងរឹងមាំ អ្នកចិញ្ចឹមគួរអនុវត្តដូចខាងក្រោម :

អាយុ ១ ថ្ងៃ ចាក់អាម៉ុកស៊ីលីន (Longamox) Amox. LA ០.៥ សេសេ ដើម្បីការពារ មេរោគជ្រៀតចូលតាមរយៈការកាត់ទងផ្ចិត ធ្មេញ និងការកាត់កន្ទុយ ការពារការរលាក សន្លាក់ និងធ្លាក់ពោះវៀន (អែកនី ឬក្លន) ។

អាយុ ២ ថ្ងៃ ចាក់ជាតិដែកមានសារៈសំខាន់ណាស់ ដើម្បីកូនជ្រូកផលិតឈាមក្រហម ការពារការស្លេកស្លាំងត្រូវចាក់ ១០០ម.ក្រ ក្នុងមួយក្បាល ឬជាទូទៅ ១ ម.ល ទៅតាម កំហាប់ថ្នាំដែលគេផលិតចាក់ដុំត្រង់ក និងរំលឹកម្តងទៀតនៅអាយុ ៧-១០ ថ្ងៃក្រោយ ។

អាយុ ៣ ថ្ងៃ បញ្ចុកតាមមាត់កំរិត ១ ម.ល តុលត្រាសេរីល (បេកុក ឬអង់ទីកុក) ដើម្បីការពារជំងឺកុកស៊ីដៀស (រាកពណ៌ប្រផេះ) ដែលច្រើនលើកូនជ្រូកអាយុ៧-២០ថ្ងៃ ។ កូនជ្រូកកើតជំងឺនេះមិនងាប់ទេ ធ្វើឱ្យកូនជ្រូកស្គមលូតលាស់យឺត ។

គួរផ្តល់ចំណីដល់មេជ្រូក ២ ដង ក្នុងមួយថ្ងៃ ហើយចំណីមិនត្រូវធំក្លិន ឬខូច រួមការផ្តល់ ទឹកផឹកគ្រប់គ្រាន់ ទាំងបរិមាណ និងគុណភាព ត្រូវដាក់ឱ្យមានជាប្រចាំ។

ការផ្តល់ចំណីដែលមានគុណភាពដល់មេជ្រូក គឺមានសារៈសំខាន់ណាស់។

ចំនួនចំណីត្រូវការ កាត់បន្ថយនៅថ្ងៃដែលមេជ្រូកកើត កូនរហូតដល់ ១-២ ថ្ងៃក្រោយទៀត។

បន្ទាប់មកទៀត ចំណីគួរតែផ្តល់ទៅតាមតំរូវការរបស់មេជ្រូកទៅតាមចំនួនកូនក្នុងសំបុក និងលក្ខខណ្ឌជាក់ស្តែង របស់វា។

នៅថ្ងៃកើតកូន មិនត្រូវផ្តល់ចំណីដល់មេជ្រូកទេ ប៉ុន្តែគួរដាក់ទឹកផឹកឱ្យគ្រប់គ្រាន់ ។

នៅថ្ងៃទីពីរ និងថ្ងៃបន្ទាប់ មេជ្រូកត្រូវបានគេផ្តល់ចំណីឱ្យស៊ីច្រើនជាបណ្តើរៗ។

មេជ្រូកមួយត្រូវ ការរបបអាហារប្រហែល ២.០០-២.៥០ គ.ក ក្នុងមួយថ្ងៃ សំរាប់ថែទាំទំងន់ខ្លួនរបស់វា។

ចំពោះការផលិតទឹកដោះ និងចំណីសំរាប់កូនរបស់វា ត្រូវការបន្ថែម ០.២៥ គ.ក សំរាប់កូនជ្រូកមួយ ក្បាលក្នុងមួយថ្ងៃ (សំដៅទៅលើជ្រូកមេពូជនាំចូល ឬពូជដែលគេបានកែលំអដោយគេបានផ្តល់ ចំណីដែលមានគុណភាព) ។

ឧទាហរណ៍ : របបអាហារសំរាប់មេជ្រូកដែលមានកូនចំនួន ៨ ក្បាល គឺផ្តល់ចំណី ៤ គ.ក ក្នុងមួយថ្ងៃ : ២ គ.ក + (០.២៥ គ.ក គុណនឹង ៨ ក្បាល) = ២ គ.ក + ២ គ.ក= ៤ គ.ក សំរាប់មេជ្រូកក្នុង ១ ថ្ងៃ។

មេជ្រូកបំបៅដោះកូន

·       ក្នុងករណីមេជ្រូកមិនស៊ីចំណី ក្ដៀន ឬកំដៅខ្លាំងពេក ត្រូវប្រុងប្រយ័ត្នព្រោះមេជ្រូក នឹង មិនផលិតទឹកដោះ គ្រប់គ្រាន់ទេសំរាប់កូនរបស់វា។

·       គ្រោះថ្នាក់ដោយសារក្ដៀន គឺថាចំណីឡើងជូរនៅក្នុងពោះវៀន។

·       ជាតិពុលត្រូវបានជ្រាបចូលទៅក្នុងឈាម ដែលបណ្តាលឱ្យមានបញ្ហាលើ ទឹកដោះ ។

·       កន្សោមដោះមេជ្រូកឡើងក្តៅ និងរឹង ។

·       រាក គឺជាជំងឺខ្លាំងជាងគេបំផុត ដែលគំរាមកំហែងជីវិតរបស់កូនជ្រូក។

·       ក្នុងរយៈពេលតិច ជាង ២៤ ម៉ោង កូនជ្រូកនឹងបាត់បង់ជាតិទឹក ។

·       ដំណោះស្រាយ គឺប្រើថ្នាំកាត់បន្ថយការបាត់ជាតិទឹក (អំបិលបន្តិចលាយជាមួយនឹងស្ករ) អាច ផ្តល់ឱ្យកូនជ្រូកដែលខ្សោយតាមស៊ីរាំងដោយមានបំពង់ ឬអត់បំពង់ ឬក៏ដាក់ក្នុងចំណី ប្រសិនបើ កូនជ្រូកអាចស៊ីចំណីបានដោយខ្លួនវា ។

·       ការក្រៀវកូនជ្រូក គួរអនុវត្តលើកូនជ្រូកឈ្មោលដែលមានអាយុ ៧-១០ ថ្ងៃ ព្រោះកូនជ្រូក នៅតូចវាធ្វើឱ្យរបួសឆាប់ជាសះស្បើយ និងកូនជ្រូកនៅមានកំលាំងខ្លាំង ដោយសារក្នុងដំណាក់កាល នេះ មេជ្រូកមានទឹកដោះគ្រប់គ្រាន់សំរាប់កូនរបស់វា។

·       មុនក្រៀវ យើងអាចចាក់អាណាហ្សំាង ដើម្បីបំបាត់ការឈឺចាប់ និងត្រូវលាងសំអាតស្បែកពងស្វាស និងសំភារៈចាំបាច់ដែលប្រើ ដូចជា កាំបិត អីយ៉ូឌីន ឬអាល់កុល។

·       យើងត្រូវក្រៀវចុះក្រោមបន្តិច ដើម្បីកុំឱ្យមានឈាមដក់ជាប់ កន្លែងវះ ។

·       ប្រើកាំបិតមុតស្រួច វះ១ ភាគ ៣ នៃពងស្វាស វះបញ្ឈរពាក់កណ្តាលស្បែកពងស្វាស នីមួយៗ ។

·       បន្ទាប់មក ច្របាច់ពងស្វាសឱ្យលៀនចេញមកក្រៅរួចទាញវាចេញ។

·       កាត់បំពង់ពងស្វាស ឱ្យខ្លីតាមដែលអាចធ្វើទៅបាន ហើយបាញ់ទឹកអីយ៉ូឌីនចូលកន្លែងវះកាត់។

 

·       ក្រៀវរួច យើងអាច ចាក់អាម៉ុកស៊ីលីន ដើម្បីការពារការជ្រៀតចូលរបស់មេរោគ និងឱ្យកូនជ្រូកនៅកន្លែងស្ងួត ។