- មធ្យោបាយដឹកជញ្ជូនកូនត្រីចំងាយផ្លូវជិត ត្រូវមានម៉ូត, ឬកង់ឬរែក ទៅតាមទីតាំងចំងាយផ្លូវដឹកជញ្ជូនកូនត្រី។ ចំពោះចំងាយផ្លូវឆ្ងាយត្រូវមានឡាន ឬម៉ូតទៅតាមទីតាំងចំងាយផ្លូវដឹកជញ្ជូន និងបរិមាណកូនត្រីត្រូវដឹកជញ្ជូន។
- សំភារៈដឹកជញ្ជូនកូនត្រីចំងាយផ្លូវជិត ត្រូវមានកញ្ជើរ និងបាវ ឬស្លឹកចេកសម្រាប់ទ្រាប់កញ្ជើរដាក់ថង់កូនត្រី។
- ក្នុងករណីដឹកជញ្ជូនកូនត្រីចំងាយផ្លូវជិត អាចប្រើសំភារៈធុងដាក់កូនត្រី និងស្លឹកចេក ឬស្លឹកឈូកសម្រាប់ដាក់ពីលើទឹកក្នុងធុង ការពារពេលដឹកកូនត្រីកុំឲ្យទឹកក្រឡកចេញពីចុង។
- សំភារៈដឹកជញ្ជូនកូនត្រីចំងាយផ្លូវឆ្ងាយ ត្រូវមានធុងខ្យល់អុកស៊ីសែន សម្រាប់ដូរខ្យល់ ស្បោង ឬថង់ច្រកកូនត្រី និងកៅស៊ូចងថង់ សម្រាប់ផ្លាស់ប្តូរនៅពេលថង់កូនត្រីធ្លាយ ឬរហែក និងគួរមានថង់បាវសម្រាប់ច្រកថង់កូនត្រីពីក្រៅ ដើម្បីការពារថង់កូនត្រីធ្លាយ ឬរហែក។
- ជាទូទៅថង់ច្រកកូនត្រីមានទំហំបណ្តោយ ឬកំពស់ ០,៨ ម៉ែត្រ និង ទទឹងមាត់ថង់ ០,៦ម៉ែត្រ អាចដាក់កូនត្រីដែលមានទំហំពី ៥ ទៅ ៧ស.ម បាន ចំនួនពី ១០០ ទៅ ២០០ក្បាល សម្រាប់ដឹកជញ្ជូនផ្លូវឆ្ងាយ។
- ក្នុងករណីដឹកជញ្ជូនកូនត្រីចំងាយផ្លូវឆ្ងាយ អ្នកដឹកជញ្ជូនគួរចេះវិធីចងថង់កូនត្រីតាមរបៀបដូចរូបភាពខាងក្រោម ។
- ពេលវេលាដឹកជញ្ជូនកូនត្រីគួរដឹកនៅពេលមេឃ ឬអាកាសធាតុត្រជាក់ ដើម្បីឲ្យកូនត្រីមានសុខភាពល្អ និងដឹកជញ្ជូនបានរយៈពេលយូរ។
- ក្នុងករណីដឹកជញ្ជូនកូនត្រីនៅពេលមេឃ ឬអាកាសធាតុក្តៅខ្លាំង ត្រូវរៀបចំមធ្យោបាយដឹកជញ្ជូនឲ្យមានម្លប់ការពារកំដៅថ្ងៃ និងចៀសវាងការរៀបចំម្លប់គ្របជាទ្រុងជិតខ្យល់ចេញចូលតែម្តង ព្រោះនាំឲ្យកំដៅថ្ងៃកើនឡើងក្នុងទ្រុងនោះ។
- បើមានលទ្ធភាព ដឹកជញ្ជូនកូនត្រីក្នុងរថយន្តមានម៉ាស៊ីនត្រជាក់គ្រប់គ្រាន់កាន់តប្រែសើរ។
- ក្នុងករណីដឹកជញ្ជូនកូនត្រីទៅផ្លូវឆ្ងាយ ឬដឹកជញ្ជូនកូនត្រីនៅពេលយប់ អ្នកដឹកកូនត្រី ឬអ្នកវេចចងថង់កូនត្រី ត្រូវរៀបចំទុកដាក់កូនត្រីឲ្យបានល្អនៅមុន0១ថ្ងៃដឹកជញ្ជូន ដោយត្រូវចាប់កូនត្រីពីស្រះមកប្រោះទុកក្នុងអាងស៊ីម៉ង់ត៍ និងត្រូវផ្តល់ចរន្តទឹកចេញចូលជាប់រហូត និងកុំផ្តល់ចំណីឲ្យត្រីស៊ីដើម្បីឲ្យកូនត្រីមានសុខភាពល្អ ដឹកជញ្ជូនបានរយៈពេលយូរ និងកុំឲ្យកូនត្រីងាប់ច្រើន
- ទឹកដាក់ក្នុងថង់កូនត្រីត្រូវមានគុណភាពល្អចៀសវាងយកទឹកស្រះដែលល្អក់ពេក ឬទឹកស្រះមានក្លិនស្អុយ ឬយកទឹកអណ្តូងដែលមានកម្រិតខ្យល់អុកស៊ីសែនរលាយតិច ឬជាទឹកដែលអាចមានជាតិពុលផ្សេងៗ គួរយកទឹកស្រះមានកម្រិតអុកស៊ីសែនរលាយច្រើន ឬជាទឹកដែលគ្មានជាតិពុលមកប្រើច្រកថង់កូនត្រី
- ក្នុងករណីត្រូវផ្លាស់ប្តូរទឹកថ្មីក្នុងថង់កូនត្រី នៅពេលដឹកជញ្ជូន គួរយកចិត្តទុកដាក់រកប្រភពទឹកដែលប្រាកដថាល្អគ្មានជាតិពុល ដើម្បីឲ្យកូនត្រីដឹកជញ្ជូនមានសុខភាពល្អ និងអត្រារស់ខ្ពស់។