logo

ការប្រមូលផល

ការប្រមូលផល

 

  • រយៈពេលចិញ្ចឹមពី ០៨-១០ខែ ត្រីប្រាអាចមានទម្ងន់ចន្លោះពី ០,៧-១,២គីឡូក្រាម/ក្បាល និងអាចប្រមូលផលបាន ដោយផ្អែកលើរដូវខ្សត់ត្រី ឬមានតម្រូវការខ្ពស់ ឬនៅពេលតម្លៃត្រីនៅលើទីផ្សារឡើងខ្ពស់។
  • វារីវប្បករត្រូវចេះព្យាករណ៍ ឬប៉ាន់ប្រមាណទិន្នផលត្រីដែលមាននៅក្នុងស្រះសម្រាប់អ្នកប្រមូលទិញ ដោយត្រៀមសម្ភារៈ និងមធ្យោបាយដឹកជញ្ជូន។
  • អាស្រ័យលើពណ៌សាច់របស់ត្រី អាចកំណត់ពេលវេលាបន្ថែមសារធាតុចិញ្ចឹម ដើម្បីសម្រេចបាននូវពណ៌ដែលតម្រូវដោយអ្នកប្រមូលទិញ។
  • ពង្រឹងសុខភាពត្រីដោយផ្តល់បន្ថែម វីតាមីនសេ (Vitamin-C) ក្នុងចំណីពី ៣-៥ថ្ងៃមុនពេលចាប់ (កម្រិតថ្នាំត្រូវគោរពតាមការណែនាំរបស់អ្នកផលិត) និងផ្អាកការផ្តល់ចំណី ២-៣ថ្ងៃមុនពេលប្រមូលផល។

កំណត់ចំណាំ 

  • ការចិញ្ចឹមត្រីប្រាក្នុងស្រះ អាចឱ្យអ្នកចិញ្ចឹមមានលទ្ធភាពចំណេញ បើទោះបីជាតម្លៃត្រីប្រានៅលើទីផ្សារក្នុងប្រទេសកម្ពុជាមានការប្រែប្រួលឡើងចុះមិនទៀងទាត់យ៉ាងណាក្តី ប្រសិនជាវារីវប្បករបានសិក្សា បច្ចេកទេស មានផែនការអាជីវកម្មច្បាស់លាស់ និងមានភាពច្នៃប្រឌិតខ្ពស់ នោះវារីវប្បករអាចគ្រប់គ្រង អាជីវកម្មរបស់ខ្លួនបានដោយទទួលបានផលចំណេញសមរម្យ ឬមិនមានការខាតបង់ធ្ងន់ធ្ងរក្នុងករណីតម្លៃត្រីមានការធ្លាក់ចុះ។
  • កត្តាចម្បងៗមួយចំនួនដែលវារីវប្បករត្រូវយកចិត្តទុកដាក់ក្នុងអាជីវកម្មចិញ្ចឹមត្រីប្រាក្នុងស្រះ÷

ទី១-កូនត្រីពូជ ដែលភាគច្រើនគឺនាំចូលពីប្រទេសជិតខាងដោយមិនបានដឹងអំពីប្រភពមេបា និង គុណភាពកូនត្រីពូជច្បាស់លាស់នោះទេដែលនាំឱ្យវារីវប្បករតែងជួបបញ្ហាមួយចំនួន ដូចជា កូនត្រីមាន ទំហំមិនស្មើរគ្នា ត្រីធំយឺត និងមានអត្រាបាត់បង់ខ្ពស់ជាដើម។

ទី២-ចំណីត្រី គឺបានគ្រប់គ្រងប្រមាណ ៧០-៨០% នៃការចំណាយលើអាជីវកម្មទាំងមូល។ចំណី សម្រេចក្រុមហ៊ុនស្ទើរទាំងស្រុងនាំចូលពីក្រៅប្រទេស មានតម្លៃថ្លៃ និងមិនមានភាពច្បាស់លាស់អំពីគុណ ភាព។ ដូចនេះ វារីវប្បករត្រូវសិក្សាស្វែងយល់អំពីប្រភេទចំណីឱ្យបានច្រើនក្រុមហ៊ុនដើម្បីធ្វើការប្រៀប ធៀប និងវាយតម្លៃ។ ក្រៅពីនេះ វារីវប្បករត្រូវចេះកែច្នៃចំណីផ្សំដោយខ្លួនឯង ដោយប្រើប្រាស់វត្ថុធាតុដើម ក្នុងតំបន់មានតម្លៃទាប ដើម្បីចូលរួមកាត់បន្ថយថ្លៃដើមផលិត។

ទី៣-ការគ្រប់គ្រងសុខភាពត្រី គឺត្រូវគ្រប់គ្រងដោយប្រុងប្រយ័ត្នបំផុត ដើម្បីជៀសវាងហានិភ័យ កើតឡើងជាយថាហេតុ។ គុណភាពទឹក គឺជាកត្តាកំណត់សុខភាពត្រី ដូចនេះវារីវប្បករត្រូវពិនិត្យ និងតាមដានគុណភាពទឹកជាប្រចាំ។

ទី៤- ទីផ្សារ គឺវារីវប្បករត្រូវសិក្សាអំពីបរិមាណ ទម្ងន់ត្រី ពេលវេលា និងគុណភាព ដែលទីផ្សារត្រូវ ការឱ្យបានច្បាស់លាស់មុនពេលដាក់ត្រីចិញ្ចឹម ដើម្បីឱ្យការចិញ្ចឹមសមស្របតាមតម្រូវការទីផ្សារ៕