· បង្កងជាប្រភេទវារីសត្វរស់ក្នុងមជ្ឈដ្ឋានទឹកសាប ប៉ុន្តែវាក៏អាចរស់នៅ និងធំធាត់បានក្នុងតំបន់ទឹកភ្លាវ ដែលមានកំហាប់អំបិលរហូតដល់ ១០ ភាគពាន់បានដែរ។
· បង្កងមានចរិតរស់នៅស្រទាប់បាតក្នុងមជ្ឈដ្ឋានទឹកស្អាត និងត្រូវមានកត្តាគុណភាពទឹកសំខាន់ៗផ្សេងទៀតដូចខាងក្រោម :
- សីតុណ្ហភាព សមស្របពី ២៨ ទៅ ៣៤ អង្សាសេ និងល្អបំផុតពី ២៨-៣២ អង្សាសេ ហើយបើសិនជាសីតុណ្ហភាពទឹកក្រោម ១៦ អង្សាសេ ឬ លើសពី ៤០ អង្សាសេ ហើយកម្រិតសីតុណ្ហភាពទឹកនេះអូសបន្លាយយូរថ្ងៃអាចធ្វើឱ្យ បង្កងងាប់បាន ។
- កម្រិតភីអេជ (pH) ឬ កម្រិតជាតិជូរៈ សមស្របមានពី ៧.៥ ទៅ ៨.៥ ហើយបង្កងមិនអាចរស់ នៅក្នុងមជ្ឈដ្ឋានទឹកដែលមានកម្រិត pH ឬកម្រិតជាតិជូរក្រោម ៥ បានឡើយ ។
- កំហាប់អំបិល សមស្របសម្រាប់ការលូតលាស់របស់បង្កងមិនលើសពី ៥ ភាគពាន់ ដែលជាធម្មតាបង្កងក៏អាចធន់ និងរស់នៅបានក្នុងទឹក ដែលមានកំហាប់អំបិលរហូតដល់ ២០ ភាគពាន់ ប៉ុន្តែត្រូវបង្កើនកម្រិតកំហាប់អំបិលនេះឡើងសន្សឹមៗ បើមិនដូច្នោះទេអាចធ្វើឱ្យបង្កងងាប់បាន។
- បរិមាណអុកស៊ីសែនរលាយក្នុងទឹកៈ បង្កងចូលចិត្តរស់នៅក្នុងមជ្ឈដ្ឋានផ្ទៃទឹកធំ ទូលាយ ដែលមានកម្រិតអុកស៊ីសែនលើសពី ៤ មិល្លីក្រាមក្នុង ១លីត្រ និងកម្រិតអុកស៊ីសែនតិចបំផុតរបស់បង្កងគឺ ៣ មិល្លីក្រាមក្នុង ១ លីត្រ។ កម្រិតអុកស៊ីសែននេះ គឺខ្ពស់ជាងកម្រិតអុកស៊ីសែននៃប្រភេទត្រីទឹកសាប ស្ទើរតែទាំងអស់ដែលមានតែ ២ មិល្លីក្រាមក្នុង ១ លីត្រប៉ុណ្ណោះ។ បើបរិមាណអុកស៊ីសែនក្នុងទឹកទាបជាង ១.៥ មិល្លីក្រាមក្នុង ១ លីត្រ ធ្វើឱ្យបង្កងងើបក្បាលលើផ្ទៃទឹក និងក្រោម ១.២ មិល្លីក្រាមក្នុង ១ លីត្រ ធ្វើឱ្យបង្កងងាប់ ។
- កម្រិតរឹងនៃទឹក (CaCO3): ទឹកមានកម្រិតរឹងពី ៥០-១០០ មិល្លីក្រាម ក្នុង ១ លីត្រ គឺសមស្របសម្រាប់បង្កង ។
- សារធាតុរ៉ែ (លោហៈធាតុ) បង្កងមិនអាចបន្សំនឹងសារធាតុរ៉ែ (លោហៈធាតុ) ទេជាពិសេសគឺជាតិដែក។ បរិមាណសារធាតុដែកមាន ០.១ ទៅ ០.២ មិល្លីក្រាមក្នុង ១ លីត្រទឹក គឺសមស្របសម្រាប់បង្កង បើលើសពី ៤ មិល្លីក្រាម ក្នុង ១ លីត្រ នឹងបង្កគ្រោះថ្នាក់ដល់បង្កង ។